បុណ្យនៃក្តី​ស្រឡាញ់

បុណ្យនៃក្តី​ស្រឡាញ់

ពិភពលោក​ស្គាល់ថ្ងៃ​១៤ ខែកុម្ភៈ​ថា ជាថ្ងៃ​ Valentine’s Day ឬ នៅ​ប្រទេស​កម្ពុជា យើង​ហៅ​ថា “ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់”​ ឬជាថ្ងៃលក់ផ្កា។

10856585_930724773618360_6217691804710876314_o

នៅប្រទេសកម្ពុជា យុវវ័យ​មួយចំនួនធំ​បាន​ភ្ជាប់​ទិវាបុណ្យ​នៃ​ក្តី​ស្រឡាញ់ ជាឱកាសមួយដើម្បីបង្ខំដៃគូឲ្យ​រួម​ភេទ ហើយភាគច្រើន​ស្ត្រី​ត្រូវបង្ខំចិត្តរួមភេទ​ដោយ​យល់​ថា​ នេះ​ជាការដោះ​ដូរនឹង​ក្តី​ស្រឡាញ់​ស្មោះ។ ថ្មីៗនេះWashington Post បានលើកឡើងពីទិន្នន័យ​ដែលដកស្រង់ចេញ​ពី​ អង្គការសហប្រជាជាតិថា នៅ​ប្រទេសកម្ពុជា បុរសម្នាក់ក្នុងចំណោម​ប្រាំ​នាក់​ ​ធ្លាប់​រំលោភយ៉ាងហោចណាស់​ស្ត្រី​ម្នាក់ ហើយក្នុងនោះ ២/៣ បាន​រំលោភ​គូស្នេហ៏​របស់គេ។ ​

ការឆ្លៀតឱកាសបង្ខំគូស្នេហ៍រួមភេទនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺជាទំនោរមួយ​ដែល​គួ​ឲ្យ​ព្រួយ​បារម្ភនៅ​ពេល​ដែល​លោកតុង សុប្រាជ្ង បាន​បង្ហាញការសិក្សា​មួយ​បាន​រក​ឃើញ​ថា ៤៧%​ នៃ​បុរស​ចំនួន ៣៧៦​នាក់ មាន​បំណង​នឹង​បង្ខំ​មិត្ត​ស្រី​ខ្លួន​រួម​ភេទនៅ​ថ្ងៃ​​នោះ។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រតិកម្មឆ្លើយតប​ទៅ​វិញ​ចំ​ពោះ​លទ្ធផល​នេះ​ថា “គួរតែឈប់គិតពីថ្ងៃ​បុណ្យនៃក្តីស្រឡាញ់នេះ​ទៅ។ បើត្រឹមទិញ​ផ្កាឲ្យគ្នាទៅវិញ​ទៅ​មក​នោះ​មិន​អីទេ តែ​បើធ្វើលើសពី​មិត្តភាព​ហើយ​ត្រូវ​បាត់បង់​​ព្រហ្មចារីនោះ គឺ​មិនត្រឹម​ត្រូវឡើយ។”

ពិតឬ ដែល​ត្រូវ​ផ្តល់ក្តី​ស្រឡាញ់​តាម​រយៈការរួម​ភេទនោះ? តើអ្វី​ទៅ​ជាបុណ្យ​នៃ​ក្តី​ស្រឡាញ់​ ឬ ​Valentine’s Day? តើ Valentine ជាអ្នកណា?    ​

ក្នុង​សម័យ​កាលមួយ​របស់អាណាចក្ររ៉ូម នៅសតវត្សទី២នៃគ្រឹស្តសករាជ នៃរាជកាលស្តេច ក្លូឌៀស សេសា(Claudius Caesar) ប្រជាជន​វ័យក្មេង​ត្រូវ​បាន​គេ​ដាក់​បញ្ជា​មិន​ឲ្យ​រៀប​ការឡើយ។  ផ្ទុយទៅវិញ លោកឪ Saint Valentine យល់ថា ការរៀបការគឺបំណង​របស់ព្រះ ហើយវាជាធម្មជាតិ និងភាពពិតនៃមនុស្ស ដែលកើតឡើងដោយក្តីស្រឡាញ់។ ដូច្នេះទើបគាត់ នៅតែបន្តរៀបការដោយសម្ងាត់ឲ្យគូស្នេហ៏ជាច្រើន ជាពិសេសក្មេងៗ ល្កឹកណាការរៀបការនោះកើតដោយក្តីស្រឡាញ់។ ក្រោយពេល​ដឹង​រឿង​នេះ​ ស្តេចក្លូឌៀស​ ក៏បញ្ជាឲ្យចាប់គាត់ដាក់គុក​។

ឆ្មាំ​គុក​ដឹងថា Saint Valentine ជាអ្នក​មាន​ចំ​នេះ​ដឹង​ជ្រៅ​ជ្រះ ក៏​បាន​ឆ្លៀតលួចឲ្យ​កូនស្រីពិការភ្នែករបស់គាត់ឈ្មោះ Julia ទៅរៀនជាមួយ Valentine ​នៅក្នុងគុក។ ការសិក្សា បាន​ធ្វើ​ឲ្យ​នាង​បាន​យល់​ឃើញ​ ស្រឡាញ់​ធម្មជាតិ និងអ្វី​នៅ​ជុំវិញ​ខ្លួន​នាង​កាន់​តែ​ច្រើន។ វេលាកន្លងមក ដល់កំណត់កាលត្រូវ​ប្រហារជីវិត Valentine បាន​ផ្ងើសំបុត្រមួយឲ្យ Julia ដោយ​ផ្តាំនាង​ឲ្យ​នៅ​ជិត​ស្និទ្ធជាមួយ​ព្រះ។ ពាក្យ​យ៉ាងខ្លី​ចុងក្រោយរបស់គាត់សរសេរថា “ពី​Valentine របស់អ្នក”។

កាលកន្លងមក ដោយក្តី​ស្រឡាញ់​ និង​ការគោពដល់​លោកឪ Saint Valentine រៀងរាល់ឆ្នាំ ថ្ងៃ ១៤ ខែកុម្ភៈ ប្រជាជននៅ​អាណាចក្ររ៉ូម​តែង​សរសេរកាត​ឲ្យគ្នាដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់។ ប្រពៃណី​ និង​ទម្លាប់នេះ​បាន​សាយ​ភាយ​ស្ទើរទូទាំងពិភព​លោក ដោយ​មាន​ជំនឿ និង​ការ​អនុវត្តខុសៗគ្នា​តាម​តំ​បន់។

នៅប្រទេសជប៉ុន ស្ត្រីត្រូវទិញសូកូឡា ហ្គីរី ឲ្យទៅបុរស។​ ពាក្យ ហ្គីរី​ នេះមានន័យថា កាតព្វកិច្ច ហើយនៅក្នុងសង្គមជប៉ុន នេះគឺជាកាតព្វកិច្ចដ៏ធំធេង ប៉ុន្តែការជូននេះមិនសំដៅ​តែលើ​ទំនាក់ទំនងស្នេហានោះទេ គឺគេជូនដើម្បីជាការអរគុណចំពោះមិត្តភក្តិ ឬមិត្តរួមការងារ​បុរស​ដែល​បាន​ជួយការងារផ្សេងៗកន្លងមក។ នៅ​សហរដ្ឋអាមេរិក កាតជូនពរត្រូវ​បាន​លក់​ដាច់​ជាងគេ រីឯ នៅ​​សឹង្ហបុរីវិញ ទាំងស្ត្រី ទាំង​បុរស យ៉ាងហោចណាស់ក៏ចំណាយ​មិន​តិចជាង​ ពី ១០០$ ទៅ ៥០០$ ដែរ​ក្នុង​ម្នាក់ៗសម្រាប់ចំណាយ​ក្នុង​ថ្ងៃនេះ។  ចុះ​អ្នកយល់យ៉ាងណាវិញចំពោះបុណ្យនៃក្តីស្រឡាញ់​នៅ​ប្រទេសកម្ពុជា?

ស្នេហ៍9៖ ការរួមភេទដោយគ្មានការយល់ព្រម មិនមែន​ជាការ​ស្រឡាញ់​ឡើយ។

 10472249_941498482540989_4397246214067567675_o

ប្រភព៖
http://www.japanculture-nyc.com/2013/02/14/valentines-day-japan-style
http://preachersinstitute.com/2011/02/09/rehabilitating-the-memory-of-st-valentine/
http://www.bbc.co.uk/religion/religions/christianity/saints/valentine.shtml
http://en.wikipedia.org/wiki/Valentine%27s_Day#United_States
Share
There is no related post.

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។